មក​ដល់​ហើយ! ពិព័រណ៍​អចលនទ្រព្យ​​​​លំដាប់​អន្តរជាតិ​លើក​ដំបូង​​នៅ​កម្ពុជា​

នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​សមាគម​វាយ​តម្លៃ​ និង​ភ្នាក់​ងារ​អចលនទ្រព្យ​កម្ពុជា បាន​​បង្កើត​​ឱ្យ​មាន​ ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា ឆ្នាំ​ ២០១៧ លំដាប់​អន្តរជាតិ​ ដោយ​មាន​ការ​ចូលរួម​ពី​វាគ្មិន​សំខាន់ៗ មាន​បទពិសោធន៍​ក្នុង​វិស័យ​អចលនទ្រព្យ មក​ពី​សមាគម​អចលនទ្រព្យ​ ៨​ប្រទេស​ក្នុង​តំបន់​អាស៊ាន អាមេរិក តៃវ៉ាន់។ ​បន្ថែម​លើ​ពី​នេះ​ទៀត​នឹង​មាន​ការ​ចូលរួម ពី​ម្ចាស់​អភិវឌ្ឍ​អចលនទ្រព្យ​ធំៗ អ្នក​វិនិយោគ​ជាតិ អន្តរជាតិ ​ប្រមាណ​ ៤៥០​នាក់ នៅ​ឯ​សណ្ឋាគារ​ សូហ្វីតែល ភ្នំពេញ​។ ​នេះ​បើ​តាម​ការ​ឱ្យ​ពី​លោក​ គីម ហ៊ាង ប្រធាន​សមាគម​ផ្ទាល់​។

លោក គីម ហ៊ាង បាន​ឱ្យ​ដឹង​ទៀត​ថា ការ​រៀបចំ​សិក្ខាសាលា និង​ពិព័រណ៍​នេះ​ឡើង ក្នុង​គោល​បំណង​ចែក​រំលែក​ចំណេះ​ដឹង បទ​ពិសោធន៍ ជំនាញ​វិជ្ជាជីវៈ​ក្នុង​វិស័យ​អចលនទ្រព្យ ទៅ​កាន់​សមាជិក សមាជិកា និង​សាធារណៈ​ជន​ទាំង​អស់​ ឱ្យ​យល់​ដឹង​ពី​វិស័យ​នេះ​កាន់​តែ​ទូលំទូលាយ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ឱ្យ​កាន់​តែ​រីក​ចម្រើន។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​អាច​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ ក្នុង​វិស័យ​នេះ​ឱ្យ​កាន់​តែ​មាន​សមត្ថភាព​ថែម​មួយ​កម្រិត​ទៀត​។

​​ប្រធាន​សមាគម​វាយ​តម្លៃ​ និង​ភ្នាក់​ងារ​អចលនទ្រព្យ​កម្ពុជា ក៏​សង្ឃឹម​ថា នឹង​មាន​ការ​ចូលរួម​ឱ្យ​បាន​ច្រើន​ពី​សំណាក់​ក្រុមហ៊ុន ម្ចាស់​វិនិយោគ អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ ក៏​ដូចជា​សាធារណៈ​ជន​ទាំង​អស់ ដែល​កម្ម​វិធី​នេះ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៥ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ​៕

Leave a Reply